ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ ភាគីសហជីពប្រកាន់ជំហរ ២១៥ដុល្លារ ខណៈនិយោជករក្សាត្រឹម ២០១ដុល្លារដដែល
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលរបស់កម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤ ឈានដល់លើកទី៤ហើយ ខណៈដែលតួលេខនៃការចរចាប្រាក់ឈ្នួលនេះមិនទាន់មានការប្រែប្រួលឡើយ ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារចំណែនិយោជកឱ្យត្រឹម២០១ដុល្លារដដែល។ នេះបើតាមលទ្ធិតផលនៃកិច្ចប្រជុំដែលក្រសួងការងារបានចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ មិនទាន់បានឯកភាពគ្នានៅឡើយទេ។ ភាគីទាំងពីរបន្តពន្យល់ហេតុផលនិងគោលជំហររបស់ខ្លួនទៅវិញទៅមក។ ចំណែក ភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួលនិងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដល់តំណាងភាគីកម្មករនិយោជិតនិងតំណាងភាគីនិយោជកដដែល។
លទ្ធផលនៃការកំណត់តួលេខប្រាក់ឈ្នួលនោះភាគីកម្មករនិយោជិតនៅបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាម៉េរិកដដែល ខណៈភាគីនិយោជកក៏ដូចគ្នាពោលគឺបានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើកដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើកនិងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ អង្គប្រជុំ បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ៕