អគ្គិសនីកម្ពុជា ប្រាប់ឱ្យពលរដ្ឋជាអតិថិជនកុំឱ្យបង់ប្រាក់ទៅជនដែលមិនស្គាល់អត្តសញ្ញាណ
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីប្រកាសដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនកុំឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ទៅឱ្យបុគ្គល ដែលមិនស្គាល់អត្តសញ្ញាណបានទាក់ទងទៅ។ការអំពាវនាវនេះ ដើម្បីឱ្យបង់ប្រាក់ឬផ្ទេរប្រាក់សម្រាប់ការទូរទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែថ្លៃប្តូរនាឡិកាស្ទង់ ប្តរូឌីស្យុងទ័រ និងប្តូរបរិក្ខារអគ្គិសនីមួយចំនួន។

សេចក្តីជូនដំណឹងនៅថ្ងៃ១២​ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មកដល់ពេលនេះ អគ្គិសនីកម្ពុជា  បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់ខ្លួនថាមានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជាបានឆបោកអតិថិជនតាមរយៈទូរស័ព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា។ គោលបំណងរបស់ជនទាំងនោះដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូរទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែថ្លៃប្តូរនាឡិកាស្ទង់ ប្តរូឌីស្យុងទ័រ និងប្តូរបរិក្ខារអគ្គិសនីមួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តរអគ្គិសនីជាបណ្តោះអាសន្ន។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា អតិថិជនដែលជួបនូវករណីនេះត្រូវរាយការណ៍មកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការច្បាប់ និងបានបញ្ជាក់ថែមទៀតថា ការទូរទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រឬបង្គាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236