រដ្ឋាភិបាល សម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនដល់អាជីវកម្មតូចតាច
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ដោយផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវកម្មតូចតាចទាំងនោះដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលចេញនៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយពីមានការផ្សព្វផ្សាយពត៌មានមួយចំនួនពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មនិងបន្តសុពលភាពអាជីវកម្ម ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋដែលបាននិងកំពុងប្រកបអាជីវកម្ម, មុខរបរនិងការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែង នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ដូច្នេះថា៖«រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ក្នុងគោលដៅនេះរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ។ យុទ្ធសាស្ត្រជាតិនេះ គឺបង្កលក្ខណៈងាយស្រួលព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម មុខរបរនិងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការសម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុងស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយប្រកាសអន្តរក្រសួងស្តីពី«ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»នោះមានវិស័យចំនួន៦ រួមមាន៖ វិស័យវប្បធម៌ និងវិចិត្រសីល្បៈ , អប់រំ យុវជន និងកីឡា,ទេសចរណ៍, ឧហ្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមកពល, ពាណិជ្ជកម្មនិងវិស័យកសិកម្មផងដែរ៕