«ឫទ្ធិពល» និង«អេបកត់លុយ» ផ្តើមគំនិតនាំយុវជនផ្សព្វផ្សាយ«ចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅកម្ពុជា
ភ្នំពេញ៖ កម្មវិធីពានរង្វាន់ប្រកួតប្រជែងស្តីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ(FECA) រដូវកាលទី៣ ក្រោមប្រធាន«ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» តាមរយៈការផលិតមាតិកាវីដេអូខ្លីបានស្វែងរកម្ចាស់ជ័យលាភីចំនួន៣ក្រុម ក្នុងចំណោមបេក្ខជនចំនួន៣៨ក្រុម ដែលបានដាក់ពាក្យចូលរួមប្រកួត។ គោលគំនិតនៃប្រធានបទឆ្នាំ២០២៣នេះ ផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនាំឱ្យយុវជនស្វែងយល់គិតគូ និងនាំគ្នាផលិតមាតិកាបែបនេះ ដើម្បីដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់អារម្មណ៍ និងទទួលបានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលនាំឱ្យពួកគាត់មិនងាយក្នុងការចាញ់ការបោកបញ្ចោតណាមួយ ដែលនាំឱ្យខាតបង់ប្រាក់។
លោក ទិត្យ កំរងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឫទ្ធិពល, ជាស្ថាបនិកអេបកត់លុយ, ជាស្ថាបនិកពានរង្វាន់ប្រកួតប្រជែងស្តីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ(FECA)និងជាប្រធានគណៈកម្មការវាយតម្លៃកម្មវិធី FECAបានថ្លែងនៅពេលបើកកម្មវិធីប្រគល់ពានរង្វាន់ផលិតវីដេអូខ្លីនេះ នាថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣ ដោយបានកោតសរសើរចំពោះបេក្ខជនទាំង៣៨ក្រុម ដែលបានដាក់ពាក្យចូលរួមប្រកួតនិងត្រូវបានជ្រើសរើសដើម្បីទទួលបានការបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញក្នុងការសរសេរមាតិកានិងផលិតវីដេអូ រហូតអាចផលិតបានមកដាក់ប្រកួតនិងទទួលបានការបោះឆ្នោតគាំទ្រពីសាធារណៈជន។
លោក ទិត្យ កំរង បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុជាជំនាញជីវិត មួយដែលចាំបាច់សម្រាប់ជីវិត ដែលទាក់ទងនឹងការរកចំណូល ការចំណាយ បំណុលនិងការសន្សំ ហើយចំណេះដឹងហិរញ្ញវត្ថុ បានបង្រៀនមនុស្សពីការរៀបចំផែនការហិរញ្ញវត្ថុគម្រោងថវិកាផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារផងដែរ។ ស្របពេលដែលធនធាននៅមានកម្រិតចំណេះដឹងហិរញ្ញវត្ថុជួយយើងឲ្យចាត់ចែងធនធានទាំងនោះដើម្បីបម្រើឲ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហាឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុននិងធានាបាននូវអនាគតដ៏ល្អប្រសើរមួយសម្រាប់កូនចៅជំនាន់ក្រោយ។
សម្រាប់លោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពលនិងជាសមាជិកគណៈកម្មការ FECA បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ពានរង្វាន់នេះផងដែរដោយបានកោតសរសើរបេក្ខជនទាំងអស់ដែលមានគំនិតផ្តួចផ្តើម ភាពច្នៃប្រឌិត ការរៀបចំផែនការការសហការគ្នាជាក្រុម ក្នុងការផលិតវីដេអូ ដើម្បីយកមកប្រកួតដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមជាក់ស្តែង ដែលទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
កម្មវិធីពានរង្វាន់ប្រកួតប្រជែងស្តីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ(FECA) រដូវកាលទី៣ ក្រោមប្រធាន«ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»រដូវកាលទី៣នេះ ដែលលោកស្រី ប៉េងលី ស៊ីនិចអនុប្រធានសេនាធិការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃមូលនិធិការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ថា «ស.អ.» របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើថាថា ចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍនូវចំណេះដឹងនិងជំនាញបន្ថែមទៅដល់ប្រជាជនខ្មែរនៅទូទាំងប្រទេស។
ក្នុងកម្មវិធី FECA ដែលមានយុវជនចូលរួមប្រមាណ៦០នាក់រៀបចំធ្វើនៅសណ្ឋាគាររ៉ាហ្វល-ឡឹរ៉ូយ៉ាល់ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រីប៉េងលី ស៊ីនិច ថា ក្នុងសកម្មភាពអភិវឌ្ឍនូវចំណេះដឹងផ្សេងៗដល់យុវជនកម្ពុជាលើការអប់រំ បណ្តុះបណ្តាល សិក្សា ស្រាវជ្រាវ អភិវឌ្ឍ នវានុវត្តន៍ការបង្កើតកម្មវិធីប្រកួតប្រជែងទំនើបកម្មនៃបច្ចេកវិទ្យា និងភាពជាសហគ្រិនឆ្នើមលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈមូនិធិស.អ. តែងតែយកចិត្តទុកដាក់ចូលរួម និងគាំទ្រសកម្មភាពទាំងនោះ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា លោក Remi Pell ក៏បានលើកឡើងនៅកម្មវិធីពានរង្វាន់ប្រកួតប្រជែងស្តីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ(FECA) រដូវកាលទី៣ ក្រោមប្រធាន«ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះអំពីប្រសាសន៍របស់រាជរដ្ឋាភីបាលអាណត្តិថ្មី ដែលបានផ្ដោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនេះខណៈដែលការរៀបចំកម្មវិធីចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះមានសារសំខាន់។
គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ប្រកួតប្រជែងស្ដីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»(FEAC) ប្រចាំឆ្នាំ បានរៀបចំចំនួន៣ឆ្នាំមកហើយ រួមទាំងក្នុងឆ្នាំ២០២៣នេះ ដែលជារដូវកាលទី៣។សម្រាប់ FEAC ឆ្នាំ២០២៣នេះ រៀបចំឡើងដោយក្រុមហ៊ុនឫទ្ធិពលនិងអេបកត់លុយ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ តាមរយៈមូលនិធិ ស.អក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរ ឧបត្ថម្ភធំដោយធនាគារអេស៊ីលីដា និងសហការឧបត្ថម្ភដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជានិងហ្វេកធើរីភ្នំពេញ។ ជាលទ្ធផលមានវីដេអូចំនួន ៣ក្រុម ទទួលបានជ័យលាភី ដោយម្ចាស់ជ័យ លេខ១បានទៅលើក្រុម F4 Media ផលិតរឿង «អាជីវកម្ម និងបច្ចេកវិទ្យា», ម្ចាស់ជ័យលាភីលេខ២បានទៅលើក្រុម Mono Studio ផលិតរឿង «កូនជ្រូក» និងម្ចាស់ជ័យលាភីលេខ៣ បានទៅលើក្រុម PRISM ផលិតរឿង«មិនល្អត្រង់ណា»។
គោលបំណងសំខាន់របស់ FEAC គឺរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរតាមរយៈការរៀបចំប្រកួតប្រជែងផលិតវីដេអូខ្លី ប្រកបដោយភាពច្នៃប្រឌិត មានលក្ខណៈសិល្បៈធ្វើយ៉ាងណាឲ្យសារអប់រំងាយស្រួលយល់និងអាចអនុវត្តបានសម្រាប់ប្រជាជនគ្រប់កម្រិតនៅទូទាំងប្រទេសកម្ពុជា៕