សិស្សស្រី១ក្រុម ដែលបង្កហិង្សាលើមិត្តរួមថ្នាក់២នាក់ដោយការឌឺដងគ្នា ត្រូវបានហៅសាកសួរនិងអប់រំ
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧​ មករាបានកោះហៅសិស្សស្រី ០១ក្រុម មកសាកសួរបន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំពោះករណីសិស្សស្រី ០១ក្រុម រងការចោទប្រកាន់ថាជាជើងកាងដែលបានវាយទៅកាន់សិស្ស ០១ក្រុមទៀត និងគំរាមវាយបើហ៊ានចូលរៀននៅក្នុងវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា សិស្សស្រីដែលជាប់ពាក់ព័ន្ធសរុបចំនួន ១១នាក់សុទ្ធតែជាអនីតិជនចូលខ្លួនមកបំភ្លឺ។ ក្នុងចំណោមសិស្សទាំង ១១នាក់នេះ គឺមានសិស្សស្រី០៧នាក់ ដែលជាអ្នកបង្ក ចំណែកសិស្ស ០២នាក់ជាអ្នករងគ្រោះ និង០៤នាក់ទៀតជាសាក្សី។បន្ទាប់ពីសាកសួររួច គឺសិស្សទាំង ០២ក្រុមជាមិត្តរួមថ្នាក់ជាមួយគ្នាពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា ហើយឃ្លីបវីដេអូដែលបានបង្ហោះនោះកើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះ ការកោះហៅមកសាកសួរជុំវិញរឿងរ៉ាងខាងលើធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិស្សស្រីដែលរងការចោទប្រកាន់ចំនួន០៥នាក់ ចំណែកសិស្សស្រីដែលរងគ្រោះមានគ្នាចំនួន ០២នាក់ រួមជាមួយអាណាព្យាបាលទាំងសងខាងនិងមានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា និងលោកវរសេនីយ៍ឯក នេត ស៊ីថុនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចូលរួមសម្របសម្រួលផងដែរ។

ជាលទ្ធផលដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កហេតុ ថានិងអប់រំកូនឲ្យបានល្អនិងដោយសារពួកគេកំពុងនៅវ័យសិក្សា ភាគីអាណាព្យាបាលសិស្សស្រីនិងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធីដោយមានការអនុញ្ញាតពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ។លើសពីនេះ សិស្សស្រីដែលបង្កហេតុ ត្រូវបានសមត្ថកិច្ចអប់រំនិងឲ្យធ្វើកិច្ចសន្យាកែខ្លួនជាសិស្សល្អព្រមទាំងឲ្យត្រឡប់ទៅផ្ទះដើម្បីចូលរៀនវិញជាធម្មតា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236