រដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុន៦ បោះទុនវិនិយោគសរុបជិត ៣៥លានដុល្លារ ដើម្បីបង្កើតរោងចក្របង្កើតការងារ ៧,៥៨៤កន្លែង
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន០៦ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន 0៦តាមសំណើរបស់ក្រុមហ៊ុនទាំងនោះ ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៣៥លានដុល្លារនឹងអាចបង្កើតការងារបានប្រមាណ ៧,៥៨៤ កន្លែងក្នុងទីតាំងភូមិសាស្រ្តចំនួន០៣។
បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៦នោះផ្តោតលើការវិនិយោគក្នុងវិស័យ វាយនភណ្ឌ និងម្ហូមអាហារជាដើម។ក្រុមហ៊ុនទាំងនោះបានបោះទុនវិនិយោគក្នុងទីតាំងទាំងចំនួន៦ នៅក្នុងរាជធានីភ្នំពេញខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្នុងនៅភ្នំពេញមានក្រុមហ៊ុន POWER CROWNFOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនិងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៤.០៤០កន្លែង។
ចំណែក ក្រុមហ៊ុន YOUNG ME APPAREL(CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៣៥៨កន្លែង។ រីឯ ក្រុមហ៊ុន NEWSIGHT GARMENTCO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង។
សម្រាប់ក្រុមហ៊ដែលវិនយោគនៅក្នុខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុនTXFOOD (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ចំណែក្រុមហ៊ុនមួយទៀតគឺ ក្រុមហ៊ុន JIASHUN R PACKAGING MATERIAL (CAMBODIA)CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កំបិត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។
ចំពោះនៅខេត្តតាកែវវិញ គឺក្រុមហ៊ុន CORPTRIM (CAMBODIA) INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនិងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១២២ ភូមិត្រកៀតឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕