កម្ពុជា នាំចេញកំពឹសទឹកសាប និង អន្ទង់ ចំនួន១០តោន ជាលើកដំបូងទៅទីផ្សារប្រទេសចិន
Posted by -
Phoung Somphors
Published on -
18/9/2023 12:10 AM

ភ្នំពេញ៖ ជលផលរបស់កម្ពុជា កំពឹសទឹកសាប និង អន្ទង់បាននាំចេញទៅទីផ្សារប្រទេសចិន ជាលើកដំបូងចំនួន១០តោន កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។ការនាំចេញជលផលធម្មជាតិរបស់ប្រជានេសាទខ្មែរនាពេលនេះ បានជួយបង្កើនជីវភាពរបស់ពួកគេនិងវិស័យវារីវប្បករកាន់តែរីកចម្រើនមួយកម្រិតទៀត។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ជាជោគជ័យមួយជំហានទៀតសម្រាប់វិស័យជលផលនិងបានរួមចំណែកកម្ពស់ជីវភាពរបស់ប្រជានេសាទខ្មែរ។ អ្នកនាំពាក្យក្រសួងកសិកម្មលោកជំទាវ អ៊ឹម រចនា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែររហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើតាមលោក ហេង ម៉េងទីប្រធានផ្នែកនាំចេញនៃក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation បានប្រាប់ Xinhua ថា ជាលើកដំបូងដែលកម្ពុទទួលបានការនាំផលិតផលជលផលទៅកាន់ប្រទេសចិនដោយផ្ទាល់តាមរយៈកំពង់ផែក្រុងព្រះសីហនុទៅកាន់កំពង់ផែសៀងហៃដែលនឹងទៅដល់នៅថ្ងៃទី១៥ ឬ ១៦ ខែតុលា ឆ្នាំ២០២៣។

លោក ហេង ម៉េងទី បានគូសបញ្ជាក់ប្រាប់ Xinhuaរបស់ចិនទៀតថា ផលិតផលជលផលរបស់កម្ពុជាទាំង២ប្រភេទ គឺអន្ទប់បង្កកនិងកំពឹសទឹកសាបបង្កក ចំនួន១០តោននោះ ដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទក្នុងខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ធំ ពោធិ៍សាត់និងខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនាបានបញ្ជាក់ថា ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាពស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថាផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែក ការងារបន្ទាប់គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អមានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះអ្នកនាំពាក្យក្រសួងកសិកម្ម ថា នឹងអាចជួយបង្កើនជីវភាពប្រជានេសាទនិងវារីវប្បករនៅស្រុកខ្មែរ ឲ្យកាន់តែមានការរីកចម្រើនទៅមុខនិងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236