ធនាគារជាតិ នឹងដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤សប្ដាហ៍ទៀត ដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀតដើម្បីជួយដល់ការពង្រឹងអំណាចទិញរបស់ប្រាក់រៀល ក្រោយពីឃើញប្រសិទ្ធិភាពនៃការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើកកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៣នេះ ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ពីការបន្ដដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤សប្ដាហ៍ទៀតដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់។ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាក្រោយពីការដាក់ឱ្យដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើកក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។ ធនាគារជាតិ នឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀលនិងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

ធនាគារជាតិនៃកម្ពុជា បានប្រាប់ដល់គ្រឹះស្ថានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ថា ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន២ដងក្នុង១សប្តាហ៍ នៅថ្ងៃពុធ និងថ្ងៃសុក្រ សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236