ការចរចារប្រាក់ឈ្នួលលើកទី៥ ថៅកែឱ្យ ២០១.៥ដុល្លារ,រដ្ឋាភិបាល ២០២ដុល្លារ, សហជីពឱ្យតួលេខ២ផ្សេងគ្នាគឺ ២០៤ដុល្លារ និង២០១៣ដុល្លារ
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ការកំណត់ប្រាក់ឈ្នួលកម្មករលើវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នៅ​តែមិនទាន់មានចំណុចរួមគ្នារវាងភាគីសហជីព និងភាគីថៅកែរោងចក្រឡើយគិតត្រឹមការប្រជុំលើកទី៥ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ភាគីថៅកែរោងច្រកដំឡើង០.៥ដុល្លារ លើការចរចាលើកទី៣ចំនួន២០១ដុល្លារ ពោលគឺ កើនបាន ២០១.៥ដុល្លារ, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារ។ ចំណែក ភាគីសហជីពតំណាងកម្មករបានស្នើតួលខ២ផ្សេងទៀត គឺទី១ តួលេខ ២០៤ដុល្លារ និងទី២ តួលេខ ២១៣ដុល្លារ ​​ខណៈកាលពីការចរចាលើកទី៣ សហជីពបានស្នើ ២១៥ដុល្លារ។

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ជាលើកទី៤ នាថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣នេះ តំណាងភាគីកម្មករនិយោជិត បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។

ចំណែក តំណាងភាគីនិយោជកបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិកនិងតំណាងភាគីរាជរដ្ឋាភិបាល ដែលទើបបញ្ចេញតួលេខរបស់ខ្លួន ដោយឈរលើលក្ខណបច្ចេកទេសបានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

ទោះយ៉ាងណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរព្រមទាំងកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយសនិងអត្ថប្រយោជន៍របស់កម្មករនិយោជិត តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាប់ផងដែរថា កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើកដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នាដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើកនិងកិច្ចប្រជុំត្រីភាគីចំនួន២លើក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236