គ.ល.ក. ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសង តាមអនឡាញ
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) ឱ្យប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងអ្នកផលិតមាតិកាដែលទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់តាមអនឡាញទាំងអស់បញ្ឈប់សកម្មភាពផ្សព្វផ្សាយ រហូតដល់តែមានការជូនដំណឹងជាថ្មី។ ការហាមប្រាមនេះក្រោយពីឃើញមានសកម្មភាពផ្សព្វផ្សាយដែលមានខ្លឹមសារអូសទាញពលរដ្ឋ ឱ្យចូលលេងល្បែងដែលផ្ទុយនឹងច្បាប់និងបង្កឱ្យមានផលប៉ពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ឋាប់ធ្នាប់និងរបៀបរៀបរយសង្គម។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប្រាប់ឱ្យប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទនិងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។ ទន្ទឹមនឹងនេះ អ្នកផលិតវីដេអូអ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិតការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង/ឬមាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្មនិងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទផងដែរ។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថា ការផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាពជាសកម្មភាពខុសច្បាប់។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឃើញថាមានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការអនុញ្ញាតពីគ.ល.ក. និងមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
កម្មភាពផ្សព្វផ្សាយទាំងនោះ មានការចូលរួមពីសាធារណជននិងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយផលិតវីដេអូខ្លីៗនិងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែង។ សកម្មភាពអូសទាញនេះ ផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គម។
បើតាមសេច្តីប្រកាសរបស់អគ្គលេខាធិការដ្ឋាននៃគ.ល.ក. ស្តីពី«ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មនិងការទប់ស្កាត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ» ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្មនិងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អគ្គលេខាធិការដ្ឋាននៃគ.ល.ក. នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕