រដ្ឋាភិបាល អនុញ្ញាឱ្យក្រុមហ៊ុន៨ បោះទុនវិនិយោគជិង ៦៥លានដុល្លារ បង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួន៨ក្នុងទំហំទឹកប្រាក់សរុបចំនួន ៦៤.៣លានដុល្លារ និងអាចបង្កើតការងារប្រមាណ៤ពាន់នាក់។នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២០ កញ្ញានេះ ដោយបញ្ជាក់ថាក្រុមហ៊ុនទាំង៨ គ្រោងបង្កើតរោងចក្រនៅក្នុងបំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះស៊ីហនុ និងខេត្តស្វាយរៀង។
តាមសំណើររបស់ក្រុមហ៊ុនទាំង៨ ក្នុងនោះមានក្រុមហ៊ុនចំនួន៣សម្រេចបោះគោលដៅវិនិយោគរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ដោយបង្កើតរោងចក្រផលិតដែក,ចំណីនិងសម្ភាសសម្រាប់សិត្តចិញ្ចឹម និងផលិតគ្រឿងសង្ហារិម។ ក្រុមហ៊ុនទាំងនោះ រួមមាន៖ទី១. ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។ ទី២. ក្រុមហ៊ុន CAMBODIAN LUHENGPET FOOD CO., LTD. គម្រោងបង្កើតរោងចក្រផលិតចំណីនិងសម្ភារៈសម្រាប់សត្វចិញ្ចឹមដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។ និងក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន ULTIMATEMOTION CO., LTD. គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិមដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៩៥ កន្លែង។
ចំពោះក្រុមហ៊ុនចំនួន៥ផ្សេងទៀត បានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដោយបង្កើតរោងចក្រទាកទងនឹងផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ,ផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប, គ្រឿងបង្គុំអេឡិកត្រូនិកធ្វើពីប្លាស្ទិក, ចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស។ក្រុមហ៊ុនទាំងនោះ រួមមាន៖ ទី១. ក្រុមហ៊ុន WANGMAO (CAMBODIA) HOMEWARECO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងននដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀងក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។ ទី២. ក្រុមហ៊ុន JUSHI (CAMBODIA)CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើងនិងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
ទី៣. ក្រុមហ៊ុន STARBLAZE (CAMBODIA)PLASTIC & METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិកសម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិកដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។ ទី៤. ក្រុមហ៊ុន WANAN GAS CONTROL(CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំនិងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣៦៩កន្លែង។ និងទី៥. ក្រុមហ៊ុន HE DUIOPTOELECTRONICS CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអនិងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕