ក្រសួង បញ្ចុះថ្លៃអគ្គិសនីពី១០% ទៅ២០% ដល់អាជីវកម្មលើវិស័យឧស្សាហកម្ម និងកសិកម្ម
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ដាក់ដំណោះស្រាយភ្លាមៗដល់ម្ចាស់អាជីវកម្មនៅក្នុងផែ្នកឧហ្សាហកម្មនិងកសិកម្ម តាមការស្នើសុំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនាឱកាសជួបជាមួយនឹងកម្មកររោងចក្រជិត២ម៉ឺននាក់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ កញ្ញាម្សិលមិញ។ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា បានឆ្លើយតបដោយសម្រេចបញ្ចុះតម្លៃពី១០% ទៅ ២០% ប៉ុត្តែស្ថិននៅក្នុងលក្ខខណ្ឌដែលមានភ្ជាប់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២០ កញ្ញានេះ បានឱ្យដឹងថា ការដាក់បញ្ចុះតម្លៃអគ្គសីនេះ ដើម្បីក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រនិងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មានបានសរសេរបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យមនិងតង់ស្យុងខ្ពស់។ ក្នុងនោះ រួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យមអ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដោយភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់ក្នុងរយៈពេល៦ខែចុងក្រោយ នៅក្នុងលក្ខខណ្ឌដែលអនុគ្រោះនោះ រួមមាន៖
ទី១. បញ្ចុះអត្រាថ្លៃចំនួន ១០%សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។
ទី២. បញ្ចុះអត្រាថ្លៃចំនួន ២០%សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើមានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃតាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
ទី៣. អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្មនិងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការផ្តល់ថ្លៃអនុគ្រោះនេះមិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕