កម្ពុជា ទទួលបានសិទ្ធិនាំចេញផ្លែដូងស្រស់ទៅទីផ្សារចិន នៅចុងឆ្នាំ២០២៣នេះ
Posted by -
Phoung Somphors
Published on -
3/10/2023 11:48 PM

ភ្នំពេញ៖ លក្ខខណ្ឌតម្រូវ«ភូតគាមអនាម័យ»សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ត្រូវបានក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយយចិន ចុះហត្ថលេខាព្រមព្រៀងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣នេះ។ នាពេលនេះ ក្រសួងកសិកម្មកំពុងធ្វើកិច្ចការងារជាមួយនឹងម្ចាស់ចម្ការដូងសហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ឱ្យស្រប់នឹងស្តង់ដារកំណត់របស់ចិន។

ក្រោយចុះហត្ថលេខាពិធីសារលក្ខខណ្ឌតម្រូវ«ភូតគាមអនាម័យ»ជាមួយនឹងគយចិននេះអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងថាអគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារមុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃដបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

អ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះ បានលើកឡើងថាអ្វីដែលភាគីកម្ពុជាត្រូវធ្វើបន្ត គឺធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូងស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ លោកជំទាវ អ៊ឹម រចនាបញ្ជាក់ថានាពេលនេះ អគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងបានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូបនិងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនិងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន។

អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ គិតត្រឹមឆ្នាំ២០២២នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236