រោងម៉ាស៊ីនកិនស្រូវមួយ ចុះកុងត្រាទិញស្រូវ ១.៦ម៉ឺនតោនក្នុងខេត្ត២ស្មើនឹងតម្លៃ ៤.៣លានដុល្លារ
ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះហត្ថលេខាលើកិច្ចសន្យាទិញស្រូវដែលរំពឹងទុកជាទិន្នផលមានចំនួន ១៦០០០តោន គិតជាទឹកប្រាក់ប្រមាណ ៤,៣០០,០០០ដុល្លារ ពីសហគមន៍កសិកម្មចំនួន ៨សហគមន៍និងក្រុមផលិតស្រូវចំនួន ៤៧ក្រុមហ៊ុន នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ការចុះកិច្ចសន្យានេះ ដើម្បីបង្កើនការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនិងរួមចំណែកអភិវឌ្ឍជាតិស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលលើកិច្ចសន្យាកសិកម្ម។
បើតាមការចុះផ្សាយនៅលើផេក AmruRice Cambodia Co., LTd កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ដើម្បីសម្រេចបានតាមផែនការនៃកិច្ចសន្យាខាងលើចាំបាច់មានការជួយជ្រោមជ្រែង និងសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងបន្ទាយមានជ័យតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្មដែលជាគម្រោងរួមគ្នារបស់រដ្ឋាភិបាលកម្ពុជានិងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពភាពសហគមន៍កសិកម្មខេត្តបាត់ដំបងនិងដៃគូសហការចំនួន ៤ទៀត៕