កម្ពុជា-អូស្ត្រាលី ដាក់ឲ្យដំណើរការភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
22/9/2023 11:57 PM

ភ្នំពេញ៖ កម្ពុជានិងអូស្ត្រាលី បានដាក់ឲ្យដំណើរការភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារនៅកម្ពុជាដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ឲ្យអភិវឌ្ឍនូវផលិតផលថ្មីៗទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ម្ចាស់សហគ្រាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និង Australian Embassy Cambodia នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ចំពោះ ការងារធំៗចំនួន៣ ដែលត្រូវធ្វើក្នុងភាពជាដៃគូខាងលើ មានដូចជា៖ ទី១. មូលនិធិកែច្នៃចំណីអាហារ ត្រូវគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សារ និងបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ចំណែក ទី២. វិស័យសេវាកម្មកែច្នៃចំណីអាហរ ត្រូវជួយដល់សហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។

និង ទី៣ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ ត្រូវប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតពីការកែច្នៃចំណីអាហារ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា មូលនិធិខាងលើ នឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឲ្យពួកគេនូវធនធានដែលត្រូវការដើម្បីទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារ។

ដោយឡែក ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលី បានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យមានភាពរស់រវើក ដែលរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

សម្រាប់ដំណើរការភាពជាដៃគូខាងលើ ទទួលបានមូលនិធិពីរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236