ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,៣% ក្នុងឆ្នំា២០២៣នេះ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទម្លាក់ការព្យាករណ៍សម្រាប់ឆ្នាំ២០២៣នេះ ពី៥,៥% មក៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មធ្លាក់ចុះជាងការទំពឹកទុកក្នុងឆ្នាំទីមួយប៉ុន្តែ នៅឆ្នាំ២០២៤ខាងមុខ ADB បានព្យាករណ៍ពីកំណើនសេដ្ឋកិកិច្ចរបស់កម្ពុជាមាន ៦% ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៣នេះ។
ADB បានកត់សម្គាល់ពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ខែកញ្ញា ឆ្នាំ២០២៣នេះ ការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងទំនិញធ្វើដំណើរ ធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំក្នុងឆមាសទី១នៃឆ្នាំ២០២៣។ ការធ្លាក់ចុះនេះ ត្រូវបានជំនួសមកវិញមួយផ្នែក ដោយកំណើន ២២,៩% នៃការនាំចេញគ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យនិងគ្រឿងសង្ហារឹម ជាដើម។ លោកស្រី Jyotsana Varma នាយិកាធនាគារADB ប្រចាំកម្ពុជា បានឱ្យដឹងថា ការរំពឹងថាភាពប្រសើរជាងមុន នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗនឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២នៃឆ្នាំ២០២៣នេះ។ ជាពិសេស ទាក់ទងនឹងវិស័យសេវាកម្មដោយសារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍។
ADB បានបញ្ជាក់ថា របាយការណ៍នេះបានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ពី ៧,៣% ទៅ ៨,០% ខណៈវិស័យឧស្សាហកម្មបានបន្ថយពី៥,៨% មក ៤,៨% ចំណែក វិស័យកសិកម្មត្រូវបានកែសម្រួលពី១,១% ទៅ ០,៩%។ របាយការណ៍នេះ រក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣,០% និងឆ្នាំក្រោយនៅកម្រិត ៤,០% ៕