ក្រសួងសុខាភិបាល បិទលែងឲ្យលក់និងប្រើផលិតផលបំប៉នសុខភាពពីរប្រភេទ ដែលគ្រោះថ្នាក់ដល់សុខភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចលុបបញ្ជិកាផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./ 30Caps មានលេខបញ្ជិកា CAM N0019IH-23 និង Ginseng Pro., B/ Bott./ 60 Caps មានលេខាបញ្ជិកា CAM N0001IH-23 ដោយផ្អែកតាមការវិភាគគុណភាពចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបានបញ្ជាក់ថាផលិតផលបំប៉នសុខភាពទាំងពីរប្រភេទនេះ មានផ្ទុកសារធាតុ Dexamethasone និង Prednisolone ដែលអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
បើតាមលិខិតរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ផលិតផលបំប៉នទាំងពីរប្រភេទខាងលើផលិតដោយគ្រឹះស្ថាន Bio Grand Co., Ltd., Thailand ហើយបានស្នើសុំចុះបញ្ជិកានាំចូលនិងចែកចាយដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ឯ.ក។
បន្ទាប់ពីចេញលិខិតខាងលើទៅកាន់ម្ចាស់គ្រឹះស្ថានដែលផលិតនិងម្ចាស់គ្រឹះស្ថានដែលនាំចូល និងចែកចាយរួច កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនព័ត៌មាន ទៅកាន់សាធារណៈជនឲ្យបានជ្រាប ផងដែរដោយក្រសួងសុខាភិបាល បានចេញនូវវិធានការណែនាំចំនួន៤ ដើម្បីការពារសុខុមាលភាពប្រជាជនរួមមាន៖ ទី១. គ្រឹះស្ថាន ដែលបាននាំចូល និងចែកចាយផលិតផលបំប៉នសុខភាពទាំងពីរប្រភេទត្រូវប្រមូលមកវិញ ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារព្រមទាំងប្រព័ន្ធអនឡាញគ្រប់ប្រភេទ នៅកម្ពុជា ដើម្បីកម្ទេចចោលតាមបច្ចេកទេសជាបន្ទាន់។
ចំណែក ទី២. គ្រឹះស្ថានដែលនាំចូលនិងចែកចាយផលិតផលបំប៉នសុខភាពទាំងពីរប្រភេទ ត្រូវបញ្ឈប់ការលក់ផលិតផលនេះជាបន្ទាន់ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។ រីឯ ទី៣. ប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ទិញនិងប្រើប្រាស់ផលិតផលបំប៉នសុខភាពទាំងពីរប្រភេទ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។ និង ទី៤ក្រសួងសុខាភិបាល នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថានឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ផលិតផលទាំងអស់នេះ។
ករណីនេះ បើតាមការផុសនៅលើផេក DrTalk វេជ្ជ. ឃន ភារម្យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថាសព្វថ្ងៃនេះ ប្រជាជនកម្ពុជា រងគ្រោះនិងខូចសុខភាពជាច្រើននាក់ដោយសារផលិតផលក្រោមរូបភាព ជាអាហារបំប៉នជំនួយសុខភាពការពិតផលិតផលទាំងនេះបាននឹងកំពុងបំផ្លាញសុខភាពរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។ជាមួយគ្នានេះ លោកវេជ្ជ. ឃន ភារម្យ ក៏បានលើកឡើងពីការប្រើប្រាស់ថ្នាំ Dexametasoneឬ Prednisone រយៈពេលយូរអាចធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា៖ រលាកដំបៅក្រពះ ស្ពោធឆ្អឹង ស្បែកស្តើងផុយឡើងក្រហម និងធ្វើឲ្យក្រពេញតំរងនោម ទប់ឈប់ផលិតអរម៉ូន cortisols adrenalCrisis អស់កម្លាំងល្ហិតល្ហៃ ចុកពោះ ខ្វះជាតិស្ករ ខ្សោះជាតិទឹកឈឺក្បាល ក្តៅខ្លួន និងឧស្សាហ៍ឆ្លងរោគផ្សេងៗ៕