ក្រសួងសុខាភិបាលសម្រេចបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហ៊ួ ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួង
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបិទទីតាំងអគារលក់ឱសថបុរាណរបស់លោក ស៊ូ សេងហ៊ួនិងណែនាំឲ្យលោកលុបវីដេអូផ្សព្វផ្សាយការព្យបាលជំងឺប្រាស់ចាកពីការពិតទាំងអស់ចេញពីបណ្តាញសង្គមជាបន្ទាន់បន្ទាប់ពីរូបលោកនៅតែបន្តសកម្មភាពផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេកបុកនូវកាព្យាបាលជំងឺមិនប្រក្រតីនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការសម្រេចបិទទីតាំងអគារលក់ឱសថបុរាណខាងលើ ដោយសារកន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំនិងផាកពិន័យទៅកាន់លោក ស៊ូ សេងហួរ ចំនួន២លើក រួចមកហើយកាលពីខែមីនា និងខែឧសភាចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ និងលក់ឱសថបុរាណដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលនិងបើកទីតាំងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។
ករណីខាងលើនេះ សូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគមឬឱសថបុរាណដែលខុសច្បាប់ និងកុំជឿលើការឃោសនាកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គមឃ្លីបវីដេអូ ឬការផ្សាយតៗគ្នា ដែលនាំឲ្យខាតបង់ប្រាក់ ពេលវេលានិងអាចប៉ះពាល់ដល់សុខភាពនិងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុថែមទៀតផង៕