ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនប្ញទ្ធិពល និងមូលនិធិអភិវឌ្ឃន៍ជំនាញ
Posted by -
Published on -
26/9/2023 9:52 AM

ភ្នំពេញ៖ ក្រុមហ៊ុនឫទ្ធិពល បានចុះកិច្ចព្រមព្រៀងជាមួយនឹងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់ថវិកាបដិភាគក្នុងការបណ្ដុះបណ្ដាលជំនាញលើគម្រោង៖«អភិវឌ្ឍសមត្ថភាពបុគ្គលិក»។ ជាមួយគ្នានេះ ក្រុមហ៊ុនឫទ្ធិពល ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន/សមាគមន៍ចំនួន៤ផ្សេងទៀត ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលនេះ ដល់បុគ្គលិកប្រមាណ១ពាន់នាក់ ដោយផ្តោតលើជំនាញទន់ និងចំណេះដឹងហិរញ្ញវត្ថុ។

ពិធីចុះកិច្ចព្រមព្រៀងជាមួយនឹងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងអនុស្សរណៈជាមួយនឹងក្រុមហ៊ុន/សមាគមន៍ទាំង៤ នោះ រួមមាន៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា, Kirirom Food Production, សហគមន៍សិប្បកម្ម និងសហគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនទូទៅអំពីគម្រោងក្នុងការស្នើសុំទៅមូលនិធិ និងអនុវត្តគម្រោងឲ្យកាន់តែច្រើន ដែលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញឲ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឫទ្ធិពល និងជាស្ថាបនិកអេបកត់លុយ លោក ទិត្យ កំរង បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នាអគារនរា ក្នុងរាជធានីភ្នំពេញ នេះ ថា ការផ្តល់ថវិកាបដិភាគមកកាន់ក្រុមហ៊ុនឫទ្ធិពល និងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងដៃគូគម្រោង នឹងទទួលបានជោគជ័យ និងផ្តល់ប្រយោជន៍ដល់អ្នកចូលរួមចំនួន ១ពាន់នាក់បន្ថែមទៀត ដើម្បីពង្រឹងទៅលើជំនាញចំនួន២ទៀតគឺ ជំនាញទន់ និងជំនាញបង្កើតគម្រោងថវិកា គ្រប់គ្រងចំណូល ចំណាយ និងអាចយកទៅប្រើប្រាស់ជាប្រយោជន៍ ដល់ការបំពេញការងារក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃបានផងដែរ។

លោក ទិត្យ កំរង បានបញ្ជាក់ថា គម្រោងអភិវឌ្ឍសមត្ថភាពបុគ្គលិកនេះ ជាការចូលរួមចំណែកគាំទ្រ និងជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងការលើកកម្ពស់សមត្ថភាពនិយោជក និងនិយោជិតនៅក្នុងវិស័យឯកជន តាមរយៈការផ្តល់នូវមូលនិធិបដិភាគក្នុងការអនុវត្តគម្រោងបណ្ដុះបណ្ដាលបង្កើនសមត្ថភាពនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236