ADB ផ្តល់កម្ចីចំនួន១៤០លានដុល្លារ ឱ្យកម្ពុជាក្នុងទិសដៅកែទម្រង់សេវាសាធារណៈ និងអភីវឌ្ឍន៍ជំនាញសេដ្ឋកិច្ច
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីឥណទានសម្បទានចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តលើកកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈនិងហិរញ្ញវត្ថុ ជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត។ ការផ្តល់ជំនួយនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
នេះបើតាមសេចប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី២៦ខែកញ្ញានេះ ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថា បញ្ជាក់ថាគោលបំណងនៃកម្មវិធី២ ដែលចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងផែនការ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្តកាលពីពេលថ្មីៗនេះ។
កម្មវិធីទី១ កែទម្រង់វិមជ្ឈការសេវាសាធារណៈនិងហិរញ្ញវត្ថុ ជំហាន២ - អនុកម្មវិធីទី២ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋ កាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ។កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុនោះ ផ្តោតលើការលើកកម្ពស់ការធ្វើផែនការនិងថវិកាថ្នាក់ក្រោមជាតិ, ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដែលគ្រោងចំណាយថវិកាសរុប ៤០លានដុល្លា ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
កម្មវិធីទី២ អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត - អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ននិងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគតម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្នព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ គ្រោងចំណាយសម្រាប់កម្មវិធីទី២នេះ ត្រូវការថវិកាសរុប១៣១,៣០លានដុល្លាអាមេរិក ក្នុងនោះឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លាន ដុល្លា ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែល ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការមកឱ្យកម្បុជា សរុបចំនួនប្រមាណ ៤,៩ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ៤,៤ ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ៥៦៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០៕