ក្រសួងប្រៃសណីយ៍ ជំរុញឲ្យសាធារណជនប្រើប្រាស់«ថ្នាលសហគមន៍ឌីជីថលកម្ពុជា» ដើម្បីជាប្រយោជន៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាន៍ (ក.ប.ទ)បានជំរុញឲ្យសាធារណជនទាំងអស់ ចូលរួមប្រើប្រាស់និងទាញយកប្រយោជន៍ពីថ្នាលសហគមន៍ឌីជីថលកម្ពុជាឲ្យបានច្រើនតាមរយៈវេបសាយ https://doc.gov.kh ។
ការជំរុញខាងលើធ្វើឡើងនាពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាល់សហគមន៍ឌីជីថលកម្ពុជា»(Digital Community of Cambodia) នៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយមានវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អញ្ជើញជាអធិបតី និងមានការចូលរួមពីបណ្តាអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។
នាពិធីដាក់ឲ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជាឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថាការដាក់ឲ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុង និងក្រៅប្រទេសដើម្បីធានាបាននូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ និងការអនុវត្តបញ្ចកោណទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ជាមួយគ្នានេះ សហគមន៍ឌីជីថលកម្ពុជាជាថ្នាលប្រមូលផ្តុំ និងផ្សព្វផ្សាយពីវិស័យឌីជីថលនៅកម្ពុជាដែលផ្តល់នូវអត្ថប្រយោជន៍ដល់វិស័យនិងគ្រឹះស្ថានចំនួន៥ រួមមាន៖ ទី១.សម្រាប់រដ្ឋាភិបាល នឹងជួយកៀរគរអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថលឲ្យចូលរួមកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត ទំនុកចិត្តប្រជាពលរដ្ឋអាចកំណត់បាននូវតម្រូវការ និងការផ្គត់ផ្តង់កម្លាំងការងារឌីជីថលក្នុងប្រទេស។ រីឯទី២. សម្រាប់វិស័យឯកជនអាចជ្រើសរើសបុគ្គលិកដែលមានចំណេះជំនាញបច្ចេកវិទ្យាឌីជីថលតាមតម្រូវការ។
ចំណែក ទី៣. សម្រាប់គ្រឹះស្ថានអប់រំនឹងជួយឲ្យសិស្ស-និស្សិតអាចអភិវឌ្ឍចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនង ឱកាសហាត់ការឱកាសការងារ និងអាចទទួលបានអាហារូបករណ៍ពី ក.ប.ទ។ ហើយ ទី៤.សម្រាប់អ្នកបច្ចេកវិទ្យាឌីជីថលវ័យក្មេងមានឱកាសទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យរបស់ខ្លួន ទាក់ទងនឹងបច្ចេកវិទ្យាឌីជីថលពីក.ប.ទ និងប្រភពផ្សេងៗ ហើយសមាជិកក៏អាចទទួលបានការបណ្តុះបណ្តាលពី ក.ប.ទនិងឱកាសស្វែងរកការងារទាំងក្នុងនិងក្រៅប្រទេស។ និង ទី៥ សម្រាប់ប្រជាពលរដ្ឋនឹងទទួលបានការលើកកម្ពស់គុណភាពជីវិត តាមរយៈការរៀនសូត្រ ពង្រីកចំណេះដឹង បទពិសោធន៍និងឱកាសទទួលបានការងារល្អផងដែរ៕