រដ្ឋ លើកលែងផាកពិន័យបង់ពន្ធនិងការប្រាក់ ចំពោះពន្ធលើអចលនទ្រព្យត្រឹមចុងឆ្នាំ២០២៣នេះ
ភ្នំពេញ៖ អគ្គនាយកដ្ឋាន សម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធដោយផ្តល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (បង់ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធទាំងពីររហូតដល់ចុងឆ្នាំ២០២៣។
ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យនិង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្កានុពល។
បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២៧ កញ្ញានេះ ការមិនត្រូវឱ្យបង់ពន្ធបន្ថែម និងការប្រាក់ចំពោះការផាកពិន័យ ដោយមិនបានបង់ពន្ធលើអចលនទ្រព្យនិង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះ គឺអនុញ្ញាតឱ្យត្រឹមតែនៅក្នុងឆ្នាំ២០២៣នេះប៉ុណ្ណោះ។អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធប្រភេទនេះឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣នេះ។
អគ្គនាយកដ្ឋាន បានបញ្ជាក់ដូច្នេះថា ចាប់ពីឆ្នាំ២០២៤តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យមិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះតាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ នឹងត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមនិងការប្រាក់) ដែលបានបង់រួចនោះទេ៕