រដ្ឋាភិបាល សម្រេចបន្ថែម២ដុល្លារ លើលទ្ធផលចរចាប្រាក់ឈ្នួលថ្មី ដែលកើនបាន ២០៤ដុល្លារ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមថវិកា២ដុល្លារ លើលើលទ្ធផលចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ ដោយយោងលើសឡេងបោះឆ្នោតលើតួលេខចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាគឺចំនួន២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ ដូច្នេះ ប្រាក់ឈ្នួលគោលអប្បបរមាថ្មីគឺទទួលបាន ២០៤ដុល្លារ ក្នុង១ខែ។
ផ្អែកតាមលទ្ធផលពីការបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើតួលេខចំនួន៣ ដែលសម្តេចធិបតីទទួលបានពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ,និងតួលេខ ២១៣ដុល្លារ។ ក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦/៥១សំឡេង និងតួលេខ ២១៣ដុល្លារ ទទួលបានសំឡេង ៥/៥១សំឡេង។ដោយឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាល បានសម្រេចបន្ថែម ២ដុល្លារទៅលើតួលេខ ២០២ដុល្លារដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង១ខែ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចនាយករដ្ឋមន្ត្រីប្រាប់ដល់កម្មករនិយោជិត និងសាធារណជនថា សម្តេចនឹងបន្តជំរុញដល់ក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត៕