ក្រុមហ៊ុនឫទ្ធិពល និងសាលា CamIA ចុះកិច្ចព្រមព្រៀងដាក់បញ្ចូលមុខវិជ្ជា«ចំណេះដឹងហិរញ្ញវត្ថុ»ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរថ្នាក់ទី១ ដល់ទី១២
ភ្នំពេញ៖ ក្រុមហ៊ុនឫទ្ធិពល ឯ.ក (RithipulCo., Ltd) និងសាលារៀន ខេម អាយ អេ (CamIA) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសហការស្តីពី៖«ការដាក់បញ្ចូលមុខវិជ្ជាចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរថ្នាក់ទី១ដល់ថ្នាក់ទី១២» នាថ្ងៃទី៣០ ខែកញ្ញានេះ នៅសាលារៀន ខេម អាយ អេសាខាចោមចៅទីIII។
ពិធីចុះកិច្ចព្រមព្រៀងខាងលើធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនិងរួមចំណែកក្នុងការលើកកម្ពស់ការការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្រាប់លក្ខខណ្ឌក្នុងភាពជាដៃគូខាងលើ សាលារៀន ខេមអាយ អេ នឹងផ្តល់ជូននូវអត្ថប្រយោជន៍ទៅកាន់ក្រុមហ៊ុន ឫទ្ធិពល ឯ.ក ដូចជា៖ ទី១.ផ្តល់កាត VIP ១០០% មួយសន្លឹក ក្នុងរយៈពេល១ឆ្នាំក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ទី២. ផ្តល់កាត VIP ៥០%ពីរសន្លឹក រយៈពេល១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ទី៣. កាត VIP អាចផ្តល់ជូនដល់អ្នកដទៃបាន ក្នុងករណីសាច់ញាតិផ្ទាល់មិនមានតម្រូវការ។ ទី៤.ផ្តល់ជូនទីតាំងស្ទែន ដាក់ខិតប័ណ្ណផ្សព្វផ្សាយចំនួនមួយនៅកន្លែងផ្តល់មានសម្រាប់ភ្ញៀវ។ ទី៥. ជួយចែកខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រុមហ៊ុនឫទ្ធិពល ឯ.ក ដល់សិស្សានុសិស្ស១ឆ្នាំ ២ដង។
រីឯ ទី៦. ផ្តល់ថ្នាក់រៀននិងសិស្សានុសិស្សដើម្បីរៀនចំណេះដឹងងហិរញ្ញវត្ថុពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ទី៧.ផ្តល់កាតសម្គាល់ខ្លួនគ្រូបង្រៀនចំណេះដឹងហិរញ្ញវត្ថុងាយស្រួលចេញចូលក្នុងបរិវេណសាលារៀន។ និង ទី៨ ផ្តល់ឯកសណ្ឋាន អាវយឺតសាលារៀន ខេម អាយអេ ដល់គ្រូបង្រៀនហិរញ្ញវត្ថុ។
ចំណែក ក្រុមហ៊ុន ឫទ្ធិពល ឯ.កនឹងផ្តល់ជូននូវអត្ថប្រយោជន៍មួយចំនួនទៅកាន់សាលារៀន ខេម អាយ អេ វិញ រួមមាន៖ ១.ឆ្នាំទី១ ផ្តល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុ ដល់សាលារៀន ខេម អាយ អេ សម្ភារៈសិក្សានិងគ្រូបង្រៀន។ ទី២. ឆ្នាំទី២ ឡើងទៅសាលារៀន ខេម អាយ អេទទួលបន្ទុកចំណាយបៀវត្សគ្រូបង្រៀន និងសម្ភារៈសិក្សា។ ទី៣.បញ្ជូនគ្រូបង្រៀនចំណេះដឹងហិរញ្ញវត្ថុទៅបង្រៀននៅសាលារៀន ខេម អាយ អេ ដោយមិនគិតថ្លៃ។និង ទី៥ គ្រូបង្រៀនចំណេះដឹងហិរញ្ញវត្ថុត្រូវបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២តាមថ្នាក់ដែលមានជាក់ស្តែង៕