ADB បញ្ចេញថវិកា ១០០ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិថ្មីនៅទស្សវត្សរ៍ខាងមុខ សម្រាប់ជួយដល់អាស៊ីនិងប៉ាស៊ីហ្វិក
Posted by -
Phoung Somphors
Published on -
2/10/2023 10:38 PM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធន ដោយបានបញ្ចេញថវិកាប្រមាណ ១០០ពាន់លានដុល្លារជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទស្សវត្សរ៍ក្រោយដើម្បីជួយដោះស្រាយវិបត្តិដែលកើតឡើងផ្ទួនៗនិងបន្តបន្ទាប់គ្នាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀរគរមូលធនឯកជន និងមូលនិធិក្នុងស្រុក ដើម្បីដំឡើងពីចំនួនពាន់លានទៅពាន់ពាន់លាន ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

បើតាម ADB កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កំណែទម្រង់ខាងលើធ្វើឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌគ្រប់គ្រាន់នៃមូលធនរបស់ ADB ដោយពង្រីកបរិមាណនៃការជួយថ្មីប្រចាំឆ្នាំ ដល់ជាង ៣៦ពាន់លានដុល្លារកើនឡើងប្រមាណ ១០ពាន់លានដុល្លារ ឬប្រហែល ៤០%។ ការដំឡើងនេះ អាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូបនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានា។

កំណែទម្រង់ខាងលើនេះក៏អាចបង្កើតជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់សេដ្ឋកិច្ចដើម្បីគាំទ្រដល់ប្រទេសជាសមាជិកកំពុងអភិវឌ្ឍរបស់ ADB ដែលប្រឈមនឹងវិបត្តិដែលនឹកស្មានមិនដល់។វិធានការទាំងនេះ នឹងអនុញ្ញាតឲ្យ ADB ផ្តល់កម្ចីផ្ទាល់ខ្លួនរហូតដល់៣៦០ពាន់លានដុល្លារ ដល់ DMCs និងអតិថិជនផ្នែកឯកជនក្នុងទស្សវត្សរ៍ក្រោយដោយធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា កំណែទម្រង់ខាងលើនេះនឹងចូលរួមពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់ការប្រឹងប្រែងអភិវឌ្ឍន៍ជាច្រើននៅអាស៊ីនិងប៉ាស៊ីហ្វិកដែលរួមមាន ធនធានសម្បទានកាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះ។ការសម្រេចផ្តល់កំណែទម្រង់នេះ ជាផ្នែកមួយនៃការឆ្លើយតបរបស់ ADB ចំពោះការអំពាវនាវឲ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿនជាងមុនជាមួយនឹងធនធានរបស់ ADB។

ចំពោះ ការកៀរគរមូលធនឯកជន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនមូលធនពីចំនួនពាន់លាន ទៅពាន់ពាន់លាន ដោយពង្រីកការចូលរួមរបស់វិស័យឯកជនក្នុងការងារអភិវឌ្ឍន៍។ដោយសកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ននិងបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជនដែលជំរុញឲ្យមានការកើនឡើងនៃការវិនិយោគក្នុងស្រុក និងបរទេស។ រីឯជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀមនិងរៀបចំគម្រោងដដែលឲ្យទទួលបានជោគជ័យ ដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។ ចំណែកការផ្តល់កម្ចីនៅថ្នាក់ក្រោម នឹងត្រូវរៀបចំឡើង ដើម្បីប្រមូលផ្តុំមូលធនឯកជនសម្រាប់គម្រោងអភិវឌ្ឍន៍ រួមទាំងកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។

ដោយឡែកប្រទេសនានា ក៏ត្រូវកៀរគរចំណូលពន្ធបន្ថែមដើម្បីធ្វើទំនើបកម្មអាជ្ញាធរពន្ធដារ តាមរយៈឌីជីថលនីយកម្មនិងសហការដើម្បីធានាបាននូវប្រព័ន្ធពន្ធអន្តរជាតិ ដែលត្រឹមត្រូវ។ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបំណុលប្រកបដោយនិរន្តភាពនិងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236