សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ទទួលបានថវិកាវិនិយោគបន្ថែម ពីគម្រោងពិពិធកម្មកសិកម្មចំនួន ៤០%
ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះគម្រោងពិពិធកម្មកសិកម្ម (CASDP) បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគប្រមាណ៤០% ដល់សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ដែលជាសហគមន៍ទី១៩ ទទួលបានទុនបន្ថែម។
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចុះកិច្ចព្រមព្រៀងខាងលើ សហគមន៍កសិកម្មម្រេចបានលើកផែនការក្នុងទុនវិនិយោគសរុបប្រមាណ ២៧ម៉ឺនដុល្លារ ក្នុងនោះទុនដែលសហគមន៍មានស្រាប់ក្នុងដៃប្រមាណ៦០% ចំណែកទុនទទួលបានពីគម្រោងមានចំនួន ៤០% និង ផ្លូវកៅស៊ូ ១ខ្សែ ដែលមានតម្លៃប្រមាណ៨៧ម៉ឺនដុល្លារ ក៏ត្រូវបានគម្រោងផ្តល់ជូនសហគមន៍ និងប្រជាជនក្នុងមូលដ្ឋានផងដែរ។
គម្រោងពិពិធកម្មកសិកម្មផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម។គម្រោងនេះដែរ បាននិងកំពុងវាយតម្លៃ សម្រិតសម្រាំងជ្រើសយកបណ្តាសហគមន៍កសិកម្មដែលមានសមត្ថភាពក្នុងកម្រិតកំណត់មួយតាមរយៈ សមត្ថភាពគ្រប់គ្រងផែនការ គណនេយ្យចំណាត់ការដោយមិនមានលាក់បាំង។ល។ ដើម្បីចូលរួមជាគោលនយោបាយគាំទ្រនូវការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% និងការផ្តល់ការកសាងសមត្ថភាពបច្ចេកទេស ពាក់ព័ន្ធផលិតផលកម្មជាធុរកិច្ចជាពិសេសផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ដល់សហគមន៍ មានផ្លូវថ្នល់និងប្រព័ន្ធស្រោចស្រពជាដើម៕