ប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់អង់គ្លេសនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួសប្រព័ន្ធអនុគ្រោះពន្ធ UK ‘sGeneralized Scheme of Preference (GSP) ដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងប្រទេសកម្ពុជា ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធអនុគ្រោះពន្ធថ្មីខាងលើ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតតាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញនិងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវដោយអនុញ្ញាតឲ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុកត្រឹម ២៥%ចំណែកតម្លៃធាតុដើមនាំចូលសម្រាប់ប្រើប្រាស់រហូតដល់ ៧៥% និងការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ ទៅ ៦ខ្ទង់ បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណដែលប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាធ្លាប់ទទួលបាន។
ដើម្បីទទួលបានការអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេសបណ្តាសហគ្រិនទាំងអស់ ត្រូវអនុវត្តតាមវិធានដើមទំនិញរបស់ចក្រភពអង់គ្លេស៕