សម្តេចនាយករដ្ឋមន្ត្រីស្នើម្ចាស់ផ្ទះកុំឱ្យដំឡើងថ្លៃឈ្នួលបន្ទប់-ផ្ទះជួលពីកម្មករ ក្នុងស្ថានភាពលំបាកនេះ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានស្នើដល់ម្ចាស់ផ្ទះជួល កុំឱ្យដំឡើងថ្លៃបន្ទប់ឬផ្ទះជួលដល់កម្មកររោងចក្រ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពដែលពួកគាត់លំបាកជាងម្ចាស់ផ្ទះជួល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកពីការការអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងនោះនៅក្នុងឱកាសដែលសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសជិត២ម៉ឺននាក់ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣។
ទន្ទឹមនឹងការស្នើសុំកុំដំឡើងថ្លៃផ្ទះជួលនេះប្រមុខរដ្ឋាភិបាល ក៏បានជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា បន្តតតភ្ជាប់បណ្តាញទឹកស្អាតនិងអគ្គិសនីនៅតាមបណ្តាផ្ទះជួលរបស់កម្មករស្នាក់នៅបន្ថែមទៀត ដែលទទួលបានតម្លៃអនុគ្រោះពីរដ្ឋ។ការណ៍នេះជាការរួបចំណែកគិតគូរជួយដល់ម្ចាស់ផ្ទះជួលផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាម្ចាស់ផ្ទះជួលជួបការលំបាក ឬមានជាប់បំណុលធនាគារក៏ពិតមែនប៉ុន្តែស្ថានភាពកម្មករ និយោជិតមានផលលំបាកជាង ដូច្នេះ សូមឱ្យមានការយោគយល់ទាំងអស់គ្នាក្នុងស្ថានភាពលំបាកមួយនេះ៕