រដ្ឋ រៀបចំឡានក្រុង ៤៥៥គ្រឿង ដើម្បីជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Posted by -
Phoung Somphors
Published on -
6/10/2023 12:22 AM

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញានេះ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រថយន្តក្រុងដែលត្រូវដឹកអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមានចំនួន ៤៥៥គ្រឿង ដោយ៦០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំណែក ៣៩៥គ្រឿងទៀត សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត នឹងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំមានការតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236