រយៈពេល៩ខែ កម្ពុជា លក់ស្រូវអង្ករទៅបរទេសបានជិត១.២ពាន់លានដុល្លារ
ភ្នំពេញ៖ រយៈពេល០៩ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង៤៥ម៉ឺនតោន ស្មើនឹងប្រមាណ៣២៧.៤៥លានដុល្លារនិងការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងជាង៣លានតោន ស្មើនឹង៨៦២.៣៩លានដុល្លារ។ ចំពោះ ការនាំចេញអង្ករនេះគឺសម្រេចបានប្រមាណ៦៥% នៃផែនការសរុបប្រមាណ៧០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាស្តីពីការនាំចេញអង្ករក្នុងរយៈពេល៩ខែនេះបានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់គោលដៅចំនួន៥៧ដោយក្រុមហ៊ុននាំចេញចំនួន៥៥ ក្នុងនោះ ការនាំចេញអង្ករទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានអង្ករចំនួន ១៩០ ៧៨៨តោន គិតជាទឹកប្រាក់ប្រមាណ ១៣៨.៩៨លានដុល្លារ។
ចំពោះ ប្រទេសក្នុងតំបន់អាស៊ានមានចំនួន៥ដែលកម្ពុជាបាននាំចេញអង្ករចេញចំនួន ៤៥ ៣០៦តោន គិតជាទឹកប្រាក់ប្រមាណ ៣១.៣២លានដុល្លារ។ចំណែក ទីផ្សារផ្សេងៗចំនួន ២៤ប្រទេសផ្សេងៗទៀត នាំចេញអង្ករបានចំនួន ៦៦ ៣៣១តោនគិតជាទឹកប្រាក់ប្រមាណ ៥៧.៤៩លានដុល្លារ។ ដោយឡែ ការនាំចេញទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័ត សរុបបានចំនួន ១៥៥ ៣៦៦តោន គិតជាទឹកប្រាក់បានប្រមាណ ៩៩.៦៥លានដុល្លារ។
ក្នុងនោះ កម្ពុជា បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន៨២.៤៣% អង្ករសគ្រាប់វែងបានចំនួន ១២.២៦% អង្ករសគ្រាប់ខ្លីបានចំនួន ០.០២%អង្ករចំហ៊ុយបានចំនួន ៣.៣៣% អង្ករសរីរាង្គបានចំនួន ១.៧៧% ។ ជាមួយគ្នានេះកម្ពុជាក៏បាននាំស្រូវចេញទៅប្រទេសជិតខាងបានចំនួន ៣ ០៧៧ ៤១៥តោន គិតជាទឹកប្រាក់ប្រមាណ៨៦២.៣៩លានដុល្លារផងដែរ៕