CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៣ បោះទុនជិត ១៣លានដុល្លារ ដើម្បីបង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តចំនួន៣
Posted by -
Phoung Somphors
Published on -
12/10/2023 11:18 PM

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ឲ្យបោះទុនវិនិយោគប្រមាណ ១២,៨លានដុល្លារ ដើម្បីបង្កើតរោចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តចំនួន៣ រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដែលអាចបង្កើតការងារបានប្រមាណ ២២៨៣កន្លែង។

បើតាម CDC នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រផលិតស្រោមជើង រោងចក្រគ្រឿងសង្ហារឹមក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត នៅខេត្តចំនួន ៣ផ្សេងៗគ្នា។ មាន ក្រុមហ៊ុន Juhai Baoshun (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។

ចំណែក ក្រុមហ៊ុន Home Terrace Co., Ltd បោះទុនចំនួន ៥លានដុល្លារ គម្រោងបង្កើតរោងចក្រគ្រឿងសង្ហារឹមក្រៅផ្ទះ (មានដូចជា តុ កៅអី តង់ អង្រឹង រនាំងបាំង រទេះដាក់សម្ភារៈ កៅអីបង់ ឆ័ត្រ...) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានប្រមាណ ៦៨៦កន្លែង។ និង ក្រុមហ៊ុន Techno Park Poi Pet PVT Co., Ltd បោះទុនប្រមាណ ២,៦លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236