ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនឯកជនមួយ រួមគ្នាដាក់ឲ្យប្រើកម្មវិធី SMEs និង Startups Go Public
Posted by -
Phoung Somphors
Published on -
10/10/2023 11:54 PM

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានសហការគ្នារៀបចំពិធីសម្ពោធនិងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី “SMEs & Startups Go Public” កាលពីថ្ងៃទីទី០៩ ខែតុលា ឆ្នា២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ក្នុងពិធីសម្ពោធនិងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីខាងលើ ឯកឧត្តម ហុង សុហួរបានកោតសរសើរចំពោះការប្រឹងប្រែងរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.កក្នុងការអភិវឌ្ឍទីផ្សារភាគហ៊ុនឲ្យកាន់តែរីកចម្រើននិងបើកច្រកទ្វារកាន់តែធំទៅដល់វិនិយោគិនក្រៅប្រទេសនិងបង្កើនទំនុកចិត្តក្នុងការវិនិយោគលើក្រុមហ៊ុនសក្តានុពលដែលមានចំណាប់អារម្មណ៍ក្នុងការកៀរគរទុនជាប្រភេទមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុលតាមរយៈផ្សារហ៊ុន។

លើសពីនេះ ឯកឧត្តមប្រតិភូ ហុង សុហួរបានមានប្រសាសន៍ទៅកាន់ម្ចាស់អាជីវកម្មថា មានតែការលក់ភាគហ៊ុននៅក្នុងផ្សារហ៊ុនទេដែលម្ចាស់អាជីវកម្មមានឱកាសក្លាយជាសេដ្ឋីបានលឿននិងមានស្តង់ដារខ្ពស់ដោយទទួលបានទំនុកចិត្តពីសាធារណជន ហើយធ្វើឲ្យក្រុមហ៊ុនមាននិរន្តរភាពយូរអង្វែងនិងងាយស្រួលក្នុងការផ្ទេរមរតកទៅកាន់កូនចៅបន្តទៀត។

ដោយឡែក នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាស៊ីឃ្យួរឹធី ម.ក លោក Teng Cheng Yueh បានលើកឡើងថាការរៀបចំកម្មវិធីនេះឡើង មានគោលបំណងជួយជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ក្រុមហ៊ុនសក្តានុពលនិងសហគ្រាសធុនតូច និងមធ្យមសម្រាប់ដំណាក់កាលមុនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ឬសញ្ញាបណ្ណសាជីវកម្មក៏ដូចជាទាក់ទាញវិនិយោគិនក្រៅប្រទេសឲ្យចូលរួមក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ តាមរយៈបទបង្ហាញរបស់លោកស្រី ប៊ុតកេរ៉ាឌី លោក Teng Cheng Yueh បានបន្ថែមថា ក្រុមហ៊ុនខេមបូឌា ស៊ីឃ្យួរឹធី ម.ក នឹងក្លាយជាកន្លែងប្រមូលផ្តុំមួយដែលផ្តល់នូវសេវាមួយកញ្ចប់ជូនទៅដល់សហគ្រាសចាប់ពីដំណាក់កាលរៀបចំខ្លួនរហូតដល់ការចុះបញ្ជីដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236