ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ រួមគ្នាកសាង«មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍»នៅតាមសាលាវិទ្យល័យ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ)និងក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការកសាង «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» (ម.ប.ស)នៅតាមវិទ្យាល័យសាធារណៈ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.ប.ទក្នុងកម្មវិធីចុះអនុស្សរណៈខាងលើ លោកជំទាវ ហ៊ាន ប៉ូលីណា អនុរដ្ឋលេខាធិការ ក.ប.ទបានប្រាប់ពីគោលបំណងនៃការបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍»នៅតាមវិទ្យាល័យសាធារណៈ ដែលមានចក្ខុវិស័យចម្បងចំនួន៣ រួមមាន៖ ១.ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ចំណែក ទី២. ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល។ និង ទី៣ ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។
ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» នៅតាមវិទ្យាល័យសាធារណៈគឺជាកាតាលីការថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្តានុពល និងកាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃការអប់រំបែបឌីជីថលឲ្យរឹងមាំនិងមានអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក.ប.ទដែលផ្តួចផ្តើមបង្កើតគម្រោងកសាងនេះឡើង ដែលរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំនៅក្នុងថ្នាក់រៀន សាលារៀននិងសហគមន៍ទាំងមូល។
បន្ថែមពីនេះ នាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនាបានលើកឡើងដែរថា តាមរយៈគំនិតផ្តួចផ្តើមបង្កើត ម.ប.ស នេះ សម្រាប់សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និងសេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។
គួរបញ្ជាក់ថាការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៅខេត្តតាកែវ នាដើមខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ហើយនឹងបន្តសាងសង់នៅទូទាំងប្រទេសថែមទៀតផង។
សម្រាប់វិទ្យាល័យដែលត្រូវកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មុនគេគឺវិទ្យាល័យ ហ៊ុន សែន ១មិថុនា ដែលស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ដោយនាយកវិទ្យាល័យទទួលបានពានរង្វាន់លេខ២ក្នុងការគ្រប់គ្រងល្អនៅទូទាំងប្រទេស៕