តើនីតិវិធីក្នុងការចុះបញ្ជីនិងការអនុវត្តគម្រោងវិនិយោគត្រូវធ្វើឡើងដោយរបៀបណា?
ភ្នំពេញ៖ បុគ្គលដែលមានបំណងអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ឬគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ) ឬគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ (គ.ធ.វ)ត្រូវដាក់សំណើសុំចុះបញ្ជីជាលាយលក្ខណ៍អក្សរនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ យោងតាមច្បាប់ថ្មី សំណើនេះក៏អាចធ្វើឡើងតាមអនឡាញដែលមានគេហទំព័រ https://qip.cdc.gov.kh/login។
បន្ទាប់ពីទទួលបានសំណើសុំចុះបញ្ជីគម្រោងវិនិយោគក.អ.ក ត្រូវពិនិត្យ និងសម្រេចលើសំណើតាមរយៈយន្តការច្រកចេញ-ចូលតែមួយដែលជាយន្តការពិនិត្យ និងសម្រេចក្នុងការចុះបញ្ជីវិនិយោគដោយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលប្រចាំការនៅ ក.អ.ក ទៅតាមការចាត់តាំងនិងប្រតិភូកម្មសិទ្ធិអំណាចពីប្រធានក្រសួងស្ថាប័ន ក្រោមការសម្របសម្រួលរបស់ ក.អ.ក។ ប្រសិនបើ គម្រោងវិនិយោគដែលត្រូវបានស្នើសុំមិនស្ថិតនៅក្នុងបញ្ជីអវិជ្ជមាននឹងត្រូវកំណត់ដោយឡែកក្នុងអនុក្រឹត្យ ក.អ.កត្រូវចេញវិញ្ញបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យស្នើសុំអំឡុងពេលមិនលើសពី ២០ថ្ងៃនៃថ្ងៃធ្វើការ។
ចំពោះគម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីហើយអាចចាប់ផ្តើមអនុវត្តបានដោយស្វ័យប្រវត្តិ ប៉ុន្តែការទទួលបានវិញ្ញាបនបត្រចុះបញ្ជីមិនមែនជាការលើកលែងឲ្យគម្រោងវិនិយោគរួចផុតពីការទទួលខុសត្រូវនូវលិខិតអនុញ្ញាតតាមការកំណត់ដោយច្បាប់និងបទប្បញ្ញត្តិនានាឡើយ។
ផ្ទុយទៅវិញ រាល់គម្រោងវិនិយោគត្រូវជាកម្មវត្ថុនៃការតាមដាននិងត្រួតពិនិត្យតាមរយៈយន្តការច្រកចេញ-ចូលតែមួយសម្របសម្រួលដោយក.អ.ក ដើម្បីធានានូវអនុលោមភាពគតិយុត្តនិងលក្ខខណ្ឌនានាដែលជាមូលហេតុនៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី។ លើសពីនេះ អ្នកអនុវត្តគម្រោងត្រូវផ្តល់របាយការណ៍ស្តីពីអនុវត្តគម្រោងវិនិយោគ ទៅតាមកាលវិភាគជាក់លាក់ ដែលកំណត់ដោយក.អ.ក ហើយទម្រង់និងបែបបទលម្អិតនៃគំរូរបាយការណ៍ត្រូវកំណត់តាមសេចក្តីណែនាំរបស់ក.អ.ក។
សម្រាប់នីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
ប្រភព៖ ឯកសារសេចក្តីសង្ខេបពិសេសស្តីពី «ច្បាប់ស្តីពីវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ដែលបានអនុម័តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕