ក្រុមហ៊ុនចិនមួយ គ្រោងពង្រីកទុនវិនិយោគ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន China Datang Corporation Ltd. គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតនូវក្នុងទំហំទុន ៦០០លានដុល្លារដោយផ្តោតលើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ខណ់ដែលក្រុមហ៊ុននេះ កំពុងវិនិយោគលើកគម្រោងថាមពលអគ្គិសនីចំនួនពីរនៅកម្ពុជា។
លោក ចូវ ឡី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ChinaDatang Corporation Ltd. ក្នុងជំនួបសម្តែងការគួរសមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នាទីនៅរដ្ឋធានីប៉េកាំង ដែលនឹងចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣» បានប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លាអាមេរិកបន្ថែមទៀតលើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន China Datang Corporation Ltd. បានវិនិយោគនៅកម្ពុជាលើគម្រោងវារីអគ្គិសនីអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូននិងអនុស្ថានីយ៍តង់ស្យុងខ្ពស់ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។
ក្នុងជំនួបដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត បានអគុណដល់ក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅកម្ពុជា កន្លងមកដោយបានដំណើរការជោគជ័យ។បន្ថែមពីនេះ សម្តេចធិបតី បានបញ្ជាក់អំពីការគាំទ្រនិងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពលនៅប្រទេសកម្ពុជា ជាពិសេស គម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។សម្តេច ហ៊ុន ម៉ាណែត បានជំរុញបន្ថែមដោយឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕