ក្រុមហ៊ុនចិន និងកម្ពុជា គ្រោងបោះទុនវិនិយោគជាមួយលើវិស័យថាមពលហ្គាស ៣ពាន់លានដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុនចិន CMEC បានលើកពីគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស នៅកម្ពុជា។ លោក វ៉ាង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCMEC បានប្រាប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីគម្រោងវិនិយោគនេះនាជំនួបជួបសម្តែងការគួរសម នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបជាមួយនឹងសម្តេចធិតបី ហ៊ុន ម៉ាណែត លោកវ៉ាង ប៉ូ បានប្រាប់ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន CMEC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនSINOMACH មានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះ បានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC លោក វ៉ាង ប៉ូបានឱ្យដឹងផងដែរថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជា ចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ៣,០០០លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីរីករាយសាទរដល់ក្រុមហ៊ុនCMECលើការវិនិយោគក្នុងប្រទេសកម្ពុជាកន្លងមក។ សម្តេចធិបតី ក៏គាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុនCMEC ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕