រដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុន៥ បោះទុនជាង៥០លានដុល្លារបង្កើតអាជីវកម្មនិងរោងចក្រ
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័ត្តដោយចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥បន្ថែមទៀត ដោយបោះទុនវិនិយោគសរុបប្រមាណ ៥៣,៦លានដុល្លារ ដើម្បីបង្កើតអាជីវកម្មនិងរោងចក្រនៅក្នុងរាជធានីភ្នំពេញ, ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៥នេះអាចផ្តល់ឱកាសការបានប្រមាណ ៥៦៦០កន្លែង។
បើតាមការចុះផ្សាយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទាំង៥ នោះបង្កើតអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ, ផលិតគ្រឿងអេឡេចត្រូនិច,កាត់ដេរសម្លៀកបំពាក់ ពូក ខ្នើយ និងគ្រឿងបន្សំបន្ទះសូឡា។ សម្រាប់ក្រុមហ៊ុន TELCOTECHLTD. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
ចំណែក ក្រុមហ៊ុន JINZHENG HOMEDECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីកនិងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។ រីឯ ក្រុមហ៊ុន BESWIN FASHION(CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។
ចំពោះ ក្រុមហ៊ុន PET NEW MATERIALS(CAMBODIA) CO., LTD. វិញ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡាដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។ ចំណែកឯ ក្រុមហ៊ុន MAXWILL GARMENT(CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕