ធនាគារចិនគ្រុប ពង្រីកវិសលភាពនៅកម្ពុជា និងបានជំរុញពាណិជ្ជកម្មកម្ពុជា-ចិន កាន់តែច្រើន
ភ្នំពេញ៖ ធនាគារចិនគ្រុប / BOC Group គ្រោងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅកម្ពុជា នឹងនាំយកនូវបទពិសោធដ៏សម្បូរបែបពីការអភិវឌ្ឍន៍អាជីវកម្មលើវិស័យហិរញ្ញវត្ថុរបស់ខ្លួនមកកម្ពុជាជាមួយនឹងការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត។ បច្ចុប្បន្ន ធនាគារនេះ បានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយព្រមទាំងបានរួមចំណែកជួយជំរុញឱ្យមានសកម្មភាពវិនិយោគពីប្រទេសចិន មកកម្ពុជា ផងដែរ។
នាទីក្រុងប៉េកាំង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះក្នុងជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត លោក កឺ ហាយជែវ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប / BOC Group បញ្ជាក់ពីគម្រោងដែលលោកមកទស្សនកិច្ចនៅកម្ពុជាក្នុងខែវិច្ឆិកា ខាងមុខ ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរបន្ថែមទៀត។បន្ថែមពីនេះ លោក កឺ ហាយជែវ មានជំនឿថា វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេស នៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះតែម្តង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ធនាគារចិនគ្រុបក្នុងរយៈពេលជាង១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា គឺបានចូលរួមយ៉ាងសំខាន់នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្តេចនាយរដ្ឋមន្ត្រីកម្ពជាក៏បានគូសបញ្ជាក់កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុ នៃប្រទេសទាំងពីរដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន។ល។
សូមជម្រាបផងដែរថា ធនាគារចិនគ្រុប / BOC Group មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន,ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។នៅកម្ពុជា ធនាគារនេះ បានបើកដំណើរការអស់រយពេលជាង១០ឆ្នាំកន្លងមកហើយ៕