២០២៤ ឆ្នាំកំណត់ដែលកម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្លាំងខ្លា
Posted by -
Phoung Somphors
Published on -
25/10/2023 12:15 AM

ភ្នំពេញ៖ ការកំណត់យកឆ្នាំ២០២៤ជាឆ្នាំដែលជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងចិន ត្រូវបានប្រធានាធិបតីចិនឯកភាពតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា។ ឆ្នាំ២០២៤ខាងមុខនេះ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិនដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។

ឯកឧត្តមប្រធានាធិបតីចិន បានបង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការចិន-កម្ពុជាដោយបញ្ជាក់ពីជំហរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានិងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ការលើកឡើងដូច្នេះ គឺនៅក្នុងជួបពិភាក្សាការងារជាមួយឯកឧត្តមស៊ី ជីនពីង នាទីក្រុងប៉េកាំងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣នេះ។ 

ក្នុងជំនួបទេ្វភាគីនោះ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់និងគ្រប់ជ្រុងជ្រោយ តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងការបង្កើត«ច្រករបៀងមច្ឆា និងអង្ករ» និង«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»។

បន្ថែមពីនេះ ប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែបតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគនិងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តម ស៊ី ជីនពីងបានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិនដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236