សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យបង្កើនការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដល់ប្រទេសកំពុងអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសុន្ទរកថាក្នុងក្នុងវេទិកាកម្រិតខ្ពស់ក្រោមមូលបទ៖« សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ដោយបានអំពាវនាវឱ្យបង្កើនការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ កាលើកឡើងនេះ ធ្វើនៅចំពោះមុខបណ្តាមេដឹកនាំមកពីជាង១៤០ប្រទេសនិងអង្គការប្រមាណ ៣០ ដែលបានចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែតុលា ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់នៃកំណើនសេដ្ឋកិច្ចឌីជីថលដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដល់ប្រទេសនានាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីសារសំខាន់នៃគោលនយោបាយនិងបទប្បញ្ញត្តិអំណោយផល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់នវានុវត្តន៍ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់អក្ខរកម្មឌីជីថល។
ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សេដ្ឋកិច្ចឌីជីថលសម្តេចធិបតី បានអំពាវនាវឱ្យបង្កើនការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍរួមមានការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗដទៃទៀត តាមរយៈក្របខ័ណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្លាស់ប្ដូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់តាមរយៈការដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនឹងឌីជីថលមួយចំនួន។ សម្ដេចនាយកដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូសំខាន់ៗទាំងវិស័យសាធារណៈ និងឯកជន ស្វែងយល់ពីឱកាសដ៏ធំធេងដែលកម្ពុជាអាចផ្ដល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនេះ៕