ទេសាភិបាលធនាគារជាតិ ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពង្រឹងវិន័យនិងសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់ឥណទានដល់អតិថិជន
Posted by -
Phoung Somphors
Published on -
25/10/2023 12:15 AM

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិតជា សិរី ក្នុងជំនួបជាមួយនឹងក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យសមាគមចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងឱ្យពង្រីកចំណេះដឹង ពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់ឥណទានដល់អតិថិជន។

ជំនួបសម្តែងការគួរសម និងបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈមមួយចំនួនរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០៣នេះ លោកជំទាវបណ្ឌិតទេសាភិបាល ក៏បានផ្តល់នូវអនុសាសន៍ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុឱ្យកាន់តែរីកច្រើន។

ជំទាវបណ្ឌិត ជា សិរី បានប្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកកម្ពស់ភាពធន់ និងនិរន្តរភាពរបស់សមាជិក និងវិស័យ, បង្កើនចំណេះដឹងហិរញ្ញវត្ថុនិងឥរិយាបថជាវិជ្ជាមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន។ ទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏បានលើកឡើងពីការពង្រឹងសមត្ថភាពធនធានមនុស្សនិងការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមផងដែរ។

បន្ថែមពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវសិក្សា និងចងក្រងជាឯកសារអំពីក្រុមហ៊ុនផ្តល់ឥណទានខុសច្បាប់មុននឹងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យបន្តវប្បធម៌សន្ទនាបន្ថែមទៀតនិងជាប្រចាំរវាងវិស័យឯកជន និងអាជ្ញាធរ ដែលជាការបង្ហាញអំពីការសហការគ្នាក្នុងការដោះស្រាយបញ្ហានិងជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236