ក្រុមហ៊ុនចិនមួយ បង្ហាញបំណងសិក្សាលើការវិនិយោគលើវិស័យផ្លូវថ្នល់,អចលនទ្រព្យ, កសិឧស្សាហកម្ម
ភ្នំពេញ៖ ក្រុមហ៊ុនចិន Yuexiu Group បានបង្ហាញចំណាប់អាម្មណ៍លើវិស័យមួយចំនួន នៅប្រទេសកម្ពុជា ក្រោយពីបានបានជួបពិភាក្សាការងារនិងស្តាប់ការបង្ហាញរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ក្រុមហ៊ុននឹងសិក្សាលទ្ធភាពដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយដោយផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្ម ជាដើម។
នាជំនួបពិភាក្សាការងារជាមួយលោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Groupនៅ ប្រទេសចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនព័ត៌មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជាដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិននិងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាបការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែតនិងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
ក្រោពីបានទទួលស្តាប់ការពន្យល់បង្ហាញដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពជាខណៈដែលក្រុមហ៊ុនរបស់លោកបានបង្ហាញវិស័យ ដែលខ្លួនធ្លាប់បានវិនិយោគកន្លងមករួមមានសណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងវិស័យកសិឧស្សាហកម្មជាដើម។
លោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុនYuexiu Group ថា ក្រុមហ៊ុននឹងសិក្សាលទ្ធភាពដាក់ទុនវិនិយោគនៅកម្ពុជាក្នុងក្របខណ្ឌណាមួយដោយផ្តោលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យនិងកសិឧស្សាហកម្ម ជាដើម៕