ផែនការមេ«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម» ១៧៤គម្រោងរបស់កម្ពុជា មានតម្លៃប្រមាណ ៥០ពាន់លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជា រួមមានផែនការមេគ្រប់ជ្រុងជ្រោយស្តីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម» ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិច ក្នុងផែនការ។
ការលើកឡើងបែបនេះធ្វើឡើងនៅចំពោះក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក ដែលបានចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជាឆ្នាំ២០២៣ នៅក្នុងទីក្រុងសិនជិន ប្រទេសចិន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកាដែលរៀបចំដោយសម្ព័ន្ធភស្ដុភារកម្មសកលនេះដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម។
ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការសហប្រតិបត្តិការជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន៖ កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិនដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងឯកឧត្តម វ៉ាង យី ជាសហប្រធានដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត គឺផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌រវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជំរុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេស កំពុងអភិវឌ្ឍ រួមទាំងកម្ពុជាក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេសកំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕