ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ហុងគ្រី កើនជាង១០% សម្រេចបាន ៦,៥៨ លានដុល្លារ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសហុងគ្រី សម្រេចបានទំហំប្រមាណ៦,៥៨ លានដុល្លារ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៣នេះ កើនឡើង១០.២២%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
លទ្ធផលទំហំពាណិជ្ជកម្មនេះ ត្រូវបានក្រសួងពាណិជ្ជកម្មគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារនិងត្រៀមរៀបចំកិច្ចប្រជុំលើកទី២នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី។
លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ខែតុលានេះ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៦០ រូបផងនោះថាការបង្កើតគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រីក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ មកម្ល៉េះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
គណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី បានរៀបចំកិច្ចប្រជុំចំនួនពីរលើករួមកហើយ ដោយភាគីទាំងពីរបានប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៩ រួមមាន៖ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, គម្រោងឥណទាន (TiedAid Credit), កសិកម្ម សេដ្ឋកិច្ចចំណីអាហារ សុវត្ថិភាពចំណីអាហាររុក្ខាប្រមាញ់ និងជលផល, ការគ្រប់គ្រងទឹក, វិស័យអប់រំ យុវជននិងកីឡា, វប្បធម៌, ទេសចរណ៍,ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាកាសចរស៊ីវិល។
លោកជំទាវរដ្ឋលេខាធិការ ជំរុញឱ្យក្រុមការងារអន្តរក្រសួង-ស្ថាប័នបន្តពង្រឹងប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រីនេះ។
ចំពោះទំហំពាណិជ្ជកម្មដែលប្រទេសទាំងពីសម្រេចបានក្នុងរយៈពេក៩ខែនៃឆ្នាំ២០២៣នេះសម្រាប់ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម។ ចំណែក ទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញរួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេងផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម៕