CDC អនុម័តគម្រោងវិនិយោគមានទុនសរុបជិត៤ប៊ីលានដុល្លារក្នុងនោះចិនមាន ៧៦% ក្នុងរយៈពេល៩ខែឆ្នាំ២០២៣
ភ្នំពេញ៖ រយៈពេល៩ខែនៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ៧៦%។ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ជាពិសេសការកើនឡើងនៃការវិនិយោគក្នុងវិស័យកម្មន្តសាល។
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសមាគមសភាពាណិជ្ជកម្មចិនដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម ជា វុទ្ធី បានលើកឡើងអំពី សារសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងប្រទេសកម្ពុជា-ចិន។ គោលបំណងនៃជួបពិភាក្សាការងារនៅថ្ងៃទី២៤តុលា ឆ្នាំ២០២៣នេះ ដើម្បីស្តាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិនក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនចិន។
ក្នុងជំនួបនោះ លោកប្រធានគណៈប្រតិភូ បានស្នើសុំឱ្យឯកឧត្តមអគ្គលេខាធិការពន្យល់ពីវិស័យអាទិភាពដែលមានចែងក្នុងច្បាប់វិនិយោគថ្មីនិងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។ ឯកឧត្តម ជា វុទ្ធីអគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងទាក់ទងនឹងច្បាប់វិនិយោគនេះថាក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាពមានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរ ដែលយើងកំពុងចង់បានខ្លាំងបំផុត។វិស័យអាទិភាពនោះ គឺការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្មកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ ដែលបម្រើទីផ្សារក្នុងស្រុកឬការនាំចេញ៕