គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ មានទ្រព្យសកម្មកើនជាង ៥១៣លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
28/10/2023 12:29 AM

ភ្នំពេញ៖ ទ្រព្យសកម្មរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ កើនឡើង ៨,៣% ដល់ ២,១ ទី្រលានរៀល ដែលស្មើនឹង ៥១៣,៥ លានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៣។ នេះតាមកាហ្វីកបង្ហាញរបស់ធនាគារជាតិនៃកម្ពុជាដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុករស់ខ្លួន នៅថ្ងៃទី២៦ខែតុលានេះ។

ក្នុងរបាយការណ៍ជាក្រាហ្វីកនោះ បានឱ្យដឹងដែរថា ឥណទានភតិសន្យាហិរញ្ញវត្ថុកើនឡើង ១៣,១% ដល់ ១,៨ ទី្រលានរៀល (៤៥៥,៥លានដុល្លារអាមេរិក) ដោយមាន ៩៦.៩៦៤ គណនី។ ឥណទានភតិសន្យានោះ ត្រូវបានផ្តល់ទៅវិស័យជាច្រើនដែលរួមមាន៖វិស័យកសិកម្ម ២៦,៥% , អង្គភាពគ្រួសារ ២១,៦% , សេវាកម្ម ២០,១% , ដឹកជញ្ជូន ៥,៦% , សំណង់ ៤,៧% , ពាណិជ្ជកម្មនិងជំនួញ ៣,៦% និងវិស័យផ្សេងៗ ១៧,៩%។

ចំពោះ ប្រភពទុនចម្បងរបស់គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុបានមកពីមូលនិធិភាគទុនិក ដោយកើនឡើង ៦,៩% ដល់ ៦៦០,៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ១៦២,៩លានដុល្លារអាមេរិក។

សូមជម្រាប់ផងដែរថា៖ ភតិសន្យាហិរញ្ញវត្ថុ គឺជាការផ្តល់ឱ្យអតិថិជនដែលមានបំណងចង់បានចលនវត្ថុសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មឬផ្ទាល់ខ្លួន ដូចជា ម៉ូតូ ឡាន និងគ្រឿងចក្រក្នុងវិស័យកសិកម្ម សហគ្រាសជាដើម។ការផ្តល់ឱ្យនេះមានរយៈពេលជាក់លាក់ណាមួយ ដោយមិនចាំបាច់វិនិយោគបន្ថែមនូវសាច់ប្រាក់ផ្ទាល់ខ្លួនឬដកយកទុនបង្វិលពីក្នុងអាជីវកម្មមកប្រើប្រាស់។ អតិថិជនអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៅចុងបញ្ចប់នៃកិច្ចសន្យាដោយគ្រាន់តែអតិថិជនបង់ថ្លៃជួលប្រចាំខែ រួមទាំងកម្រៃសេវាផ្សេងៗ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236