គម្រោងក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគ១៣លានដុល្លារ ត្រូវបាន CDC អនុម័តឱ្យប្រតិបត្តិការ
Posted by -
Phoung Somphors
Published on -
28/10/2023 12:29 AM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័ត្តឱ្យក្រុមហ៊ុនចំនួន៤ទៀត ដែលបោះទុនវិនិយោគសរុបចំនួន ១៣លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ បន្សុតខ្យល់ និងទឹក, កែច្នៃលោហៈធាតុ, ផលិតផលធ្វើអំពីកាកាវ និងផលិតសម្ភារវេចខ្ចប់។

តាមការឱ្យដឹងពី CDC ក្រុមហ៊ុនទាំង៤ដែលត្រូវបានអនុញ្ញាឱ្យប្រតិបត្តិការអាជីវកម្មនោះ គ្រោងបង្កើតរោងចក្រនៅខេត្តស្វាយរៀងចំនួន១ និងខេត្តព្រះសីហនុចំនួន៣ ដែលអាចបង្កើតឱកាសការងារបានចំនួន ៧៨២នាក់ផងដែរ។ សម្រាប់នៅខេត្តស្វាយរៀងមានក្រុមហ៊ុនJIANMIN FILTER (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលីម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹកដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

សម្រាប់ខេត្តព្រះសីហនុ មានក្រុមហ៊ុន METENDAMETAL (CAMBODIA) CO., LTD. បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីកមេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

ចំណែក ក្រុមហ៊ុន HUANDA COCOA FOOD CO.,LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតធ្វើអំពីកាកាវដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

ចំពោះ ក្រុមហ៊ុន HAINING NUOHE NEWMATERIAL CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១០៤កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236