ឆ្នាំ២០២៤ រដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាសរុបជិត ៤ម៉ឺនប៊ីលានរៀល
Posted by -
Phoung Somphors
Published on -
28/10/2023 12:29 AM

ភ្នំពេញ៖ នៅឆ្នាំ២០២៤ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាសរុបចំនួន ៣៨,៨២៩ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយសម្រាប់នៅថ្នាក់ជាតិមានចំនួន ៣៤,៤៩៧ប៊ីលានរៀល ដែលត្រូវជា ២៤,១៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដោយថយចុះ ៥,៨% ធៀបទៅនឹងច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣។ សម្រាប់ការចំណាយនៅថ្នាក់ក្រោមជាតិមានចំនួន ៤,៣៣២ប៊ីលានរៀលមានសមាមាត្រស្មើនឹង ១១,៧% នៃចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. ដែលកើនឡើង ៦,៦%ធៀបនឹងច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣។

គ្រោងនឹងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២៤ នេះ វិស័យអទិភាពក្នុងការចំណាយមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាដើម។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៣។

គ្រោងចំណាយនេះ ការអនុវត្តត្រូវបានធ្វើឡើងក្នុងគោលជំហរពង្រឹងប្រសិទ្ធភាពថវិកាដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មនុស្ស សមត្ថភាព ស្ថាប័នការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។ ការចំណាយនេះដើម្បីឆ្លើយតបទៅនឹងគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាលនិងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាលឱ្យចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236