គ្រួសារតូចៗដាក់លក់«ផលិតផលខ្មែរ» នៅតាមស្ថានីយ៍ប្រេងឥន្ធនៈPTT តាមរយៈគម្រោងជំរុញការលក់ផលិតផលខ្មែរ
ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា)បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី៖ «កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ» នៅតាមស្ថានីយ៍ប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះដើម្បីលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុកនិងផលប្រយោជន៍សហគមន៍។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣នេះ គម្រោងខាងលើបានអនុវត្តដោយជោគជ័យរួចមកហើយក្នុងឆ្នាំ២០២២និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ២០២៣។ ដូច្នេះ ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងបន្តសហការគ្នាអនុវត្តនូវគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រសៅរ៍ និងអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀលក្នុងរាជធានី-ខេត្តចំនួន៩ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១០ បន្តទៀត។
សម្រាប់ស្ថានីយ៍ប្រេងឥន្ធនៈភីធីធីដែលត្រូវបានដាក់តាំងបង្ហាញរួមមាន៖ស្ថានីយ៍ព្រៃកី រាជធានីភ្នំពេញ, ស្ថានីយ៍ផ្តៅជុំ២ (ស្គន់)ខេត្តកំពង់ចាម, ស្ថានីយ៍ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់,ស្ថានីយ៍ឧដ្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង, ស្ថានីយ៍បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ស្ថានីយ៍ក្រុងស្វាយរៀងខេត្តស្វាយរៀង, ស្ថានីយ៍ស្វាយអន្ទរ ខេត្តព្រៃវែង, ស្ថានីយ៍ក្រុងក្រចេះ ខេត្តក្រចេះ និងស្ថានីយ៍ឃ្លាំងលើ ខេត្តព្រះសីហនុដោយត្រូវបានដាក់តាំងបង្ហាញផលិតផលដូចជា អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវការវត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ជាដើម៕