កម្ពុជា នាំចេញផ្លែមៀនស្រស់ជាង ១ម៉ឺនតោនទៅទីផ្សារចិនក្នុងរយៈពេល១០ខែឆ្នាំ២០២៣
ភ្នំពេញ៖ កម្ពុជា បាននាំផ្លែមៀនស្រស់ជាង ១ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយគិតចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣នេះ។នេះបើតាមការឱ្យដឹងពីលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលោកជំទាវ អ៊ឹម រចនា កាលពីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងនេះអគ្គនាយកដ្ឋានកសិកម្មបានចុះបញ្ជីចម្ការមៀននិងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនបានចំនួន៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង១២រោងចក្រវេចខ្ចប់និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន(GACC)។
នៅក្នុងឆ្នាំ២០២៣នេះ ដោយគិតចាប់ពីខែមករាដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជា បាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន១១ ៤០៣,២៣តោន។ ចំណែកឯ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅប្រទេសចិន ចាប់ពីថ្ងៃទី២៧ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មានចំនួនសរុប ១៤ ៣៤៥,៧៤តោន ក្នុងនោះ នៅឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន។
ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិនសហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុងទឹកមៀនកៀប និងស្រាមៀន។ នេះជាការឱ្យដឹងបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដដែល។
លោកជំទាវ អ៊ឹម រចនា បញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្តនិងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយនិងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក៕